នៅចំកណ្តាលនៃទីក្រុងនេះមានប្រាសាទមួយតំណាងអោយព្រះបាទជ័យវរ្ម័នទី៧គឺប្រាសាទបាយ័ន។ អង្គរធំត្រូវបានកសាងជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៧ និងជាមជ្ឈមណ្ឌលនៃស្ថាបនាសំនង់នានារបស់ព្រះអង្គ។ សិលាចារិកមួយដែលគេបានរកឃើញនៅរាជធានីបញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី៧ជាកូនកំលោះ និង រាជធានីជាកូនក្រមុំរបស់ទ្រង់។
ប្រវត្តិ
ពាក្យថាអង្គរធំ គឺមានន័យថាជារាជធានី ឬជាទីក្រុងដែលធំ។ រាជធានីនេះបានកសាងឡើងតាំងពីចុងសតវត្សរ៍ទី៩ ដោយព្រះបាទយសោវរ្ម័នទី១ មានឈ្មោះថា យសោធរបុរ ឬគ្រីយសោធរបុរ តាមសិលាចារិក។ តាមសិលាចារិកសម័យកណ្តាលខ្លះទៀតថាអង្គរធំ គឺហៅថាមហានគរ ឬឥន្ទ្រប្រស្ថបុរី ដែលមានទំរង់អាចយកជាការបាន គឺឥន្រ្ទប្រគ្ថ ឥន្ទីប្រាស់ ឥន្ទិបដ្ថ។ទីតាំងភូមិសាស្រ្ត
រាជធានីនេះលាតសន្ធឹងពីមាត់ស្ទឹងសៀមរាបដែលជាដៃនៃបឹងទន្លេសាប ចំងាយប្រហែល ០,២៥ម៉ាយល៍ពីស្ទឹង។ ទីក្រុងនេះមានផ្លូវចូលចំនួន៥នៅទិសនិមួយៗ៖ ទ្វារខ្មោច (នៅទិសខាងកើត), ទ្វារដីឆ្នាំង (នៅទិសខាងជើង), ទ្វារតាកៅ (នៅទិសខាងលិច), ទ្វារទន្លេអ៊ុំ (នៅទិសខាងត្បូង) និងទ្វារជ័យ (នៅទិសខាងកើតចំពីមុខព្រះបរមរាជវាំងក្នុងខេត្តសៀមរាប)។ គោបរៈនៃទ្វារនិមួយៗមានព្រហ្មមុខបួន។ ទ្វារនៅទិសខាងត្បូងក្រុងអង្គរធំស្ថិតនៅចំងាយ ៧,២គីឡូម៉ែត្រពីខាងជើងក្រុងសៀមរាប និង ១,៧គីឡូម៉ែត្រពីខាងជើងច្រកចូលប្រាសាទអង្គរវត្ត។ កំពែងព័ទ្ធជុំវិញនីមួយៗមានប្រវែង៣គីឡូម៉ែត្របួនជ្រុង និងមានកំពស់៨ម៉ែត្រព័ទ្ធជុំវិញដោយគូទឹក ហ៊ុំព័ទ្ធលើផ្ទៃដី ៩គម២។ កំពែងជុំវិញអង្គរធំគឺតំណាងអោយជញ្ជាំងថ្មជុំវិញផែនដី និងជាជួរភ្នំព័ទ្ធជុំវិញភ្នំព្រះសុមេរុ រីឯគូទឹកព័ទ្ធជុំវិញតំណាងអោយសមុទ្រ។ស្ពាននាគក្រុងអង្គរធំ
កេរដំណែលជាច្រើនដែលបានបញ្ជាក់ថា ខែ្មរជាជាតិសាសន៍មួយដ៏ចំណាស់រស់នៅលើទឹកដីរបស់ខ្លួន ហើយ បានកសាងប្រទេសជាតិឲ្យមានសេដ្ឋកិច្ចរីកចំរើនរុងរឿង និងមានវប្បធម៌ខ្ពង់ខ្ពស់នៅតំបន់អាស៊ីអាគេ្នយ៍។ កេរដំណែលទាំងនោះរួមមាន ប្រាង្គប្រាសាទ បារាយណ៍ ផ្លូវថ្នល់ ស្ពាន និងឧបករណ៍ប្រើប្រាស់ធ្វើពីថ្ម ដីដុត លោហៈ ស្ពាន់ មាស លង្អិន ដែលមានអាយុកាលដ៏ចំណាស់។ ចំណែកឯស្ពាននាគនៅខ្លោងទ្វារ ចូលអង្គរធំខេត្តសៀមរាប គេឃើញមានចម្លាក់ទេវតា និងយក្ស ទាញព្រ័ត្រឈរកាន់ក្បាលនាគទាំងសងខាង ដើម្បីយកទឹកអម្រឹតដែលឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងជ្រាលជ្រៅ និងការរីកចំរើននៃប្រព័ន្ធគមនាគមន៍ និងទ្វារទឹក។យោងតាមឯកសារប្រវត្តិសាស្រ្តបានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង គេសងេ្កតឃើញមាន សមិទ្ធផលជាច្រើនបានរីកព្រោងព្រាតពាសពេញផៃ្ទប្រទេស ជាពិសេស ស្ពាន ថ្នល់ ដែលជាមធ្យោបាយក្នុងការធើ្វដំណើរ និង ជាទ្វារទឹកដ៏សំខាន់ក្នុងការងារកសិកម្ម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ គេបានប្រទះឃើញផ្លូវ២ខែ្សធំ និង២ខែ្សតូចៗទៀតសំរាប់តភ្ជាប់ពីរាជធានីអង្គរទៅកាន់តំបន់នានា និងស្ពាន បុរាណមួយចំនួនទៀតសំរាប់តភ្ជាប់ប្រព័ន្ធគមន៍ក៏ដូចជា ទ្វារទឹកសំរាប់ការងារកសិកម្មផងដែរ។ ស្ពានបុរាណទាំងនោះខ្លះចាស់ទ្រុឌទ្រោម និងខ្លះទៀតនៅមានគុណភាពល្អអាចប្រើប្រាស់បាន ហើយមានរចនា រូបនាគ គ្រុឌ យក្ស ទេវតា ឆ្លុះបញ្ចាំងពីទស្សនសាសនាទៀតផង។ ចំណែកស្ពានថ្មមានរូបនាគ យក្ស និងទេវតា ទាញក្បាលនាគ ដែលស្ថិតនៅខាងមុខខ្លោងទ្វារនៃទីក្រុងអង្គរធំអតីតរាជធានីសម័យបុរាណ ហើយរូបចម្លាក់នេះ ក៏បានទទួលរងនូវការគំរាមកំហែងដោយសារ សង្រ្គាមខូចខាតអស់មួយចំនួន។ ពិសេសចំលាក់ស្ពានរូបនាគនៅខាងមុខខ្លោងទ្វារប្រាសាទអង្គរធំ ផែ្នកខាងត្បូងឆ្លងកាត់ទនេ្លអុំ ដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ សម័យមហានគរនោះមាន ចម្លាក់ទេវតា និងយក្សកាន់ក្បាលនាគទាញព្រ័ត្រម្ខាង៥៤។ ចម្លាក់ដ៏រស់រវើកនេះមានការអះអាងថាជា និមិត្តរូបនៃការចម្លងមនុស្សទៅកាន់ឋានបរមសុខគ្មានការកើត ចាស់ ឈឺ ស្លាប់ឡើយ ដែលទទួលឥទ្ធិពល ពីព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដើម្បីដណ្តើមយកទឹកអម្រឹតទៅផឹកឲ្យមានជីវិតអមតៈ។ នៅក្នុង គម្ពីរឥណ្ឌាបុរាណ ក៏មានចែងអំពីបញ្អានេះដែរ គឺឋានមនុស្ស និងឋានលើតភ្ជាប់គ្នាទៅដោយបន្ទាត់ ពិសិដ្ឋមួយតំណាងឲ្យ ឥន្ទធនូ ដែលមានកសិណទឹកតំណាងឲ្យចក្រវាល។ អត្ថន័យនៃចម្លាក់នេះ ត្រូវបានស្ថាបត្យករយើងឆ្លាក់នៅតាមវត្តអារាម និងទីសាធារណៈ មួយចំនួនរហូតដល់សព្វថៃ្ង ដែលមាន ការអះអាងថា ព្រះពុទ្ធបរមគ្រូនៃយើងបានយាងចុះពីឋានសួគ៌ត្រៃត្រិង្សតាមជណ្តើរឥន្ទធនូនេះ ហើយ ជណ្តើរនេះនឹងជួយចំលងមនុស្សដែលធ្វើបុណ្យសន្សំកុសលបានច្រើនឲ្យទៅ កើតនៅឋានសួគ៌ទៀតផង។ មានការកត់សំគាល់ថា ចាប់តាំងពីសម័យអង្គរ នាគច្រើនតែងទ្រដោយមករ ដែលតំណាងឲ្យត្រីសមុទ្រ នាគក៏ជាយានជំនិះអចិន្រៃ្តយ៍របស់ព្រះភិរុណ ដែលគេសងេ្កតឃើញនៅតាមក្បាច់ចម្លាក់ខាងជើងប្រាសាទអង្គរវត្ត និងជួនកាលមានសត្វនាគអូសរទេះទៀតផង។
ចំណែកក្នុងទេវកថានាគឈ្មោះថា វាសុគិ ដែលត្រូវគេចាប់យកមកធើ្វជាខែ្សសំរាប់បង្វិលស្នូលនៃលោហធាតុដោយយកភ្នំមន្ទរមកធ្វើជាប្រដាប់កូរ ដើម្បីយកទឹកអម្រឹត ហើយនៅផែ្នកក្បាលគេឃើញមានពពួកយក្សចំនួន៩២នាក់ និងផែ្នកកន្ទុយគឺមាន ទេវតាចំនួន៨អង្គ កំពុងកាន់កន្ទុយនាគយ៉ាងណែននៅនឹងដៃ ដើម្បីទាញបង្វិលភ្នំនេះឲ្យកើតជាភោគផល។ ដោយសារនាគមានសារសំខាន់បែបនេះ ទើបគេសងេ្កតឃើញស្ថាបត្យករយើងឆ្លាក់នៅតាម ខ្លោងទ្វារ ផែ្តរ ស៊ុម ហោងជាង និងតាមផ្លូវចូលវត្តអារាមនិងប្រាសាទយ៉ាងច្រើនតាំងពីសម័យបុរាណរហូតដល់ សព្វថៃ្ង។ ចំណែកឯក្នុងជីវភាពរស់នៅប្រចាំថៃ្ងការកសាងស្ពានឆ្លងកាត់ព្រែក ស្ទឹង ទនេ្ល ដើម្បីតភ្ជាប់ប្រព័ន្ធ គមនាគមន៍ និងជាទ្វារទឹកដ៏សំខាន់សំរាប់ការងារកសិកម្មទៀតផង ហើយស្ពានទាំងនោះបន្ទាប់ពីកសាងរួច គេតែងរចនារូបនាគលំអផងដែរ។ សំណង់ស្ពាននាគ នៅខ្លោងទ្វារអង្គរធំនេះបានឆ្លុះបញ្ចាំងពីជំនឿសាសនារបស់សង្គមខែ្មរយ៉ាងជ្រាលជ្រៅ ចំពោះទឹកអម្រឹតដែលជាវត្ថុស័ក្តិសិទ្ធិអាចជួយឲ្យមនុស្ស រួចផុតពីជំងឺបៀតបៀនឧបទ្រព្យចង្រៃ មានសិរី សួស្តី ជាពិសេសមានជីវិតអមតៈទៀតផង លើសពីនេះទៀតសំណង់ស្ពាននេះ ក៏មិនខុសបែ្លកពីស្ពាន នានាដែរ គឺបានឆ្លុះបញ្ចាំងពីការរីកចំរើន នៃប្រព័ន្ធគមនាគមន៍ទ្វារទឹកដែលជាប្រភព នៃការងារកសិកម្ម និងទំនៀមទំលាប់ប្រពៃណីរបស់ជាតិសាសន៍ខែ្មរដែលនិយមឆ្លាក់រូបនាគនៅតាម វត្តអារាម សំណង់ប្រាសាទ និង ទីសាធារណៈនានា។
No comments:
Post a Comment